u

Wednesday, November 7, 2012

១០ វិធីសាស្ត្រ ធ្វើឲ្យកូនរបស់អ្នក មានភាពឆ្លាតវៃ

Posted by Unknown On Wednesday, November 07, 2012 No comments

១០ វិធីសាស្ត្រ ធ្វើឲ្យកូនរបស់អ្នក មានភាពឆ្លាតវៃ
Thursday, 08 November 2012 08:41 ដោយ៖www.health.com.kh-ID:030 

រាល់ស្ត្រីជាម្តាយគ្រប់រូប តែងប្រាថ្នាចង់ឲ្យកូនៗ របស់ពួកនាង មានសុខភាពល្អ, មានប្រាជ្ញាភ្លឺថ្លា និង ឆ្លាតវៃបាន។ បើទោះជាកត្តាហ្សែន អាចដើរតួនាទីចម្បងមួយ នៅក្នុងការសម្រេចថា តើកូនអ្នក នឹងមានកម្រិតនៃការឆ្លាតវៃ បានប៉ុណ្ណាក៏ដោយ ក៏ភាគច្រើន វាអាស្រ័យផងដែរ ទៅលើកត្តាផ្នែកខាងក្រៅ ។ វាមាននូវវិធីជាច្រើន ដែលអាចធ្វើឲ្យទារករបស់អ្នក មានភាពឆ្លាតវៃបាន បើទោះជាពួកគេ កំពុងស្ថិតនៅក្នុងផ្ទៃ របស់អ្នកក៏ដោយ។ ចូរបន្តអាននូវចំណុច ដូចខាងក្រោមនេះ ដើម្បីដឹងពីវិធី ក្នុងការជួយ ឲ្យទារកមិនទាន់កើត របស់អ្នកមានភាពវៃឆ្លាតបាន ៖
១. និយាយទៅកាន់ទារករបស់អ្នក
វាអាចនឹងស្តាប់មើលទៅ ហាក់ដូចជាពិបាក ក្នុងការនិយាយជាមួយនឹងទារកអ្នក ដែលពួកគេ មិនបានស្ថិតនៅខាងមុខអ្នក ប៉ុន្តែអ្នកត្រូវតែព្យាយាម ដាក់អារម្មណ៍ថា ផ្សារភ្ជាប់នូវទំនាក់ទំនង និង ចាប់ផ្តើមនិយាយទៅកាន់ពួកគេ ខណៈពេលដែលអ្នក កំពុងតែអង្អែលផ្ទៃពោះរបស់អ្នក។ វិធីនេះ គឺហាក់នឹង ជួយភ្ញោចដល់ទារករបស់អ្នក និង ជួយដល់ការរីកលូតលាស់ នៃខួរក្បាលរបស់ពួកគេ ។
២. អានសៀវភៅឲ្យទារកអ្នកស្តាប់
ទារកគឺអាចស្តាប់បាននូវអ្វី ដែលអ្នកបាននិយាយ ដូច្នេះវាជាការប្រសើរ សម្រាប់អ្នកក្នុងការចាប់ផ្តើម ធ្វើការអានសៀវភៅរឿងនិទាន ដែលមានអត្ថន័យល្អៗ ឲ្យពួកគេស្តាប់។ សំណង់នៃពាក្យ និងប្រយោគ ដែលអ្នកបានអាន គឺអាចជួយដល់ការវិវត្តន៍ នូវសាលារៀនផ្នែកភាសា នៅក្នុងខួរក្បាលរបស់ ទារក។
៣.បំបាត់អារម្មណ៍ស្ត្រេសចេញពីខ្លួនអ្នក
បញ្ហានៃស្ត្រេស និង អរម៉ូនដែលបានបញ្ចេញ ដោយសារវានៅក្នុងរាងកាយ គឺអាចនឹងមានផលរំខាន ដល់ការលូតលាស់ទាំងស្រុង នៃសុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្តរបស់ទារក។
៤. ទទួលទាននូវអាហារ ដែលមានសារជាតិចិញ្ចឹម ឲ្យបានគ្រប់គ្រាន់
ខួរក្បាលរបស់ទារក គឺមានការវិវត្តន៍ នៅក្នុងល្បឿនមួយដ៏លឿន ហើយពូកគេនឹងត្រូវការនូវ សារជាតិបំប៉នសំខាន់ៗទាំងនោះ ដើម្បីធ្វើឲ្យការរីកចំរើន ធំធាត់របស់ពួកគេ មានដំណើរការទៅបាន យ៉ាងល្អត្រឹមត្រូវ។ ដូច្នេះចូរប្រាកដថា អ្នកបានទទួលទាននូវ របបអាហារដែលមានសម្បូរទៅដោយ សារជាតិបំប៉នសំខាន់ៗ ។ ហើយអ្នក ត្រូវបរិភោគផងដែរនូវ ពពួកប្រូតេអ៉ីនដែលគ្មានខ្លាញ់ និង រួមបញ្ចូលនូវស៊ុត។ ត្រូវចងចាំថា កោសិកាខួរក្បាលរបស់ទារក ក៏នឹងត្រូវការ នូវសារជាតិខ្លាញ់ផងដែរ។ ចូរធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យ ឬ អ្នកជំនាញផ្នែកម្ហូបអាហារ ដើម្បីរៀបចំបាននូវគម្រោងអាហារ ដែលផ្តល់ផលល្អ ចំពោះទាំងសុខភាពម្តាយ និង ទារក។
៥. ស្តាប់តន្ត្រីបែបមនោសញ្ចេតនា ដែលមានលក្ខណៈបន្ធូរអារម្មណ៍
វាត្រូវបានគេជឿថា ការស្តាប់តន្ត្រី គឺអាចជួយពង្រឹងដល់បញ្ញា របស់ទារកដែលមិនទាន់កើតបាន។ ការសិក្សាស្រាវជ្រាវជាច្រើន គឺកំពុងតែបន្តតាមដាន នូវចំណុចនេះ។ តែទោះជាយ៉ាងណាក៏ដោយ ការស្តាប់តន្ត្រី គឺមានឥទ្ធិពលដ៏ល្អ ចំពោះស្ត្រី ជាម្តាយ និង ជួយលើកស្ថានភាពផ្លូវចិត្ត របស់ពួកនាងបាន ស្របគ្នានេះដែរ វាក៏បានផ្តល់ផលចំពោះ ទារកបានផងដែរ។
៦. មិនត្រូវភ្លេចលេបថ្នាំគ្រាប់សារជាតិបន្ថែមនោះទេ
ក្រៅពីការរក្សានូវរបបអាហារ ឲ្យមានតុល្យភាព អ្នកក៏គប្បីត្រូវតែ ទទួលទាននូវថ្នាំគ្រាប់ សារជាតិ បំប៉ន ឲ្យបានជាទៀងទាត់ផងដែរ។ វានឹង អាចធ្វើឲ្យប្រាកដបានថា អ្នកនឹងទទួលបាននូវ សារជាតិបំប៉ន បានគ្រប់គ្រាន់ ដូច្នេះ ការរីកលូតលាស់របស់ទារក និងរីកធំធាត់ នូវកត្តាស្មារតី និង រូប រាងកាយរបស់ពួកគេ គឺមានភាពសមាមាត្រនឹងគ្នា បានល្អ។ ត្រូវចងចាំថា អ្នកគួរតែលេបនូវថ្នាំគ្រាប់ សារជាតិបន្ថែមនេះ តែតាម ការចេញវេជ្ជបញ្ជារបស់គ្រូពេទ្យប៉ុណ្ណោះ ។
៧. មិនត្រូវជក់បារីឬនៅជិតផ្សែងបារីទេ
ក្នុងនោះផងដែរ អ្នកក៏ត្រូវស្ថិតឲ្យឆ្ងាយពី ផ្សែងបារីដែរ។ ការបឺតស្រូបយកផ្សែងបារី គឺក៏មាន ការប្រឈមនឹងគ្រោះថ្នាក់ ដូចជាការជក់បារីផងដែរ។ ការជក់បារី គឺបានជះឥទ្ធិពលដ៏អាក្រក់ដល់ សុខភាពផ្លូវចិត្តរបស់ទារក ក៏ដូចជាការរីកធំធាត់ផ្នែករាងកាយ។ ដូច្នេះអ្នកត្រូវតែ ស្ថិតនៅឲ្យឆ្ងាយពី ផ្សែងបារី និង អ្នកដែលជក់បារី ។
៨. មិនត្រូវទទួលទានភេសជ្ជៈដែលមានជាតិស្រា ជាដាច់ខាត
ជាតិស្រាគឺ ផ្តល់ផលជាអវិជ្ជមាន ទៅដល់ផ្នែកសុខភាពផ្លូវចិត្តរបស់ទារក និង ប៉ះពាល់ផងដែរ ទៅ ដល់ការរីកធំធាត់ ផ្នែករាងកាយរបស់ពួកគេ ។ ដូច្នេះ អ្នកត្រូវរក្សាគម្លាត ឲ្យឆ្ងាយពីជាតិសុរា ។
៩. មិនត្រូវប្រើប្រាស់ថ្នាំ ដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ
ជាធម្មតា អ្នកមិនត្រូវប្រើប្រាស់ថ្នាំអ្វី ផ្តេសផ្តាស់នោះទេ។ បើទោះជាមុនពេល អ្នកមានការបង្កកំណើត អ្នកគួរតែមិនត្រូវប្រើប្រាស់វា ដើម្បីសុវត្ថិភាព ទារកដែលមិនទាន់កើតរបស់អ្នក។ ប្រសិទ្ធិភាពរបស់ថ្នាំ អាចនឹងមានផលប៉ះពាល់ជាខ្លាំង ដល់សុខភាពរបស់កូនតូចអ្នក។
១០. ចេញទៅដើរលេងខាងក្រៅផ្ទះ និង អនុញ្ញាតឲ្យទារកអ្នក ស្តាប់នូវសំឡេងផ្សេងៗគ្នាជាច្រើន
អ្នកអាចចេញទៅកំសាន្ត ដូចជាការដើរនៅក្នុងសួនច្បារ។ អ្នកត្រូវស្ថិតនៅខាងក្រៅផ្ទះ ដើម្បីធ្វើឲ្យទារកអ្នក មានឱកាសឮនូវ សំឡេងផ្សេងៗគ្នាជាច្រើន ដែលអាចនឹងមានរំញោចដល់ ផ្លូវចិត្តរបស់ពួកគេ។ ប៉ុន្តែអ្នកត្រូវចងចាំថា អ្នកត្រូវតែមានផាសុកភាព រាល់ពេលប្រឈមទៅនឹងកត្តាទាំងនេះ ។
ដូច្នេះ ជាមួយនឹងការថែទាំ និង អនុវត្តតាមនូវវិធីសាមញ្ញងាយៗទាំងនេះ អ្នកអាចចាប់ផ្តើមរៀបចំ ជីវិតទារករបស់អ្នក ឲ្យមានភាពឆ្លាតវៃ និង ដុសខាត់បញ្ញាស្មារតីពួកគេ ឲ្យកាន់តែរឹងមាំ និង ស្វាហាប់ បានតាំងពីពួកគេមិនទាន់កើតចេញមក ឃើញពិភពខាងក្រៅមកម្ល៉េះ៕

0 comments:

Post a Comment